ការដំឡើងកម្មវិធី VicEmergency App
កម្មវិធី VicEmergency App ផ្តល់ជូនអ្នកនូវព័ត៌មានក្នុងពេលជាក់ស្តែង និងការព្រមាននានាអំពីគ្រោះអាសន្នដែលអាចប៉ះពាល់ដល់អ្នក។
គ្រោះអាសន្នទាំងនេះរួមមានអគ្គិភ័យ ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ការព្រមានអំពីអាកាសធាតុ និងព័ត៌មានជាច្រើនទៀត។
ការមានកម្មវិធី VicEmergency app និងដឹងពីរបៀបប្រើប្រាស់កម្មវិធីនេះមានសារៈសំខាន់ណាស់។
កម្មវិធី VicEmergency app មានជាភាសាអង់គ្លេស។
ប្រសិនបើអ្នកមិនចេះអានភាសាអង់គ្លេស អ្នកអាចទូរសព្ទទៅកាន់សេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (TIS) តាមលេខ 131450។
ការទាញយកកម្មវិធី app
អ្នកអាចទាញយកកម្មវិធី app និងដំឡើងលើទូរសព្ទឆ្លាតរបស់អ្នក។ នេះមានន័យថាអ្នកអាចទទួលបានការព្រមានជាមុន ទោះបីជាអ្នកនៅទីណាក៏ដោយ។
ទាញយកពី App Store ដើម្បីដំឡើងលើឧបករណ៍ Apple របស់អ្នក។
ទាញយកពី Google Play ដើម្បីដំឡើងលើឧបករណ៍ Android របស់អ្នក។
កម្មវិធី (app) នេះមានភាពងាយស្រួលក្នុងការប្រើប្រាស់
ពេលអ្នកបើកកម្មវិធី (app) អ្នកឃើញផែនទីរដ្ឋវិកថូរៀ។
នៅលើផែនទីមានរូបតំណាង ( icons) ពណ៌ស និងពណ៌ខ្មៅ។ ទាំងនេះតំណាងឱ្យការហៅទូរសព្ទទៅលេខសូន្យបីដង (០០០)។ ពេលខ្លះឧប្បត្តិហេតុមួយមានរូបតំណាងលើសពីមួយ។ នេះដោយសារតែមានមនុស្សជាច្រើនបានទូរសព្ទ និងរាយការណ៍ពីវា។
រូបតំណាងនីមួយៗប្រាប់អ្នកពីប្រភេទនៃឧប្បត្តិហេតុ។ ប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីសម្រេចចិត្ត ប្រសិនបើវាជាអ្វីដែលអ្នកត្រូវដឹង និងចាត់វិធានការ។
នៅក្នុងកម្មវិធី (app) អ្នកក៏អាចឃើញរូបតំណាងពណ៌លឿង ពណ៌ទឹកក្រូច ឬពណ៌ក្រហម និងតំបន់នានាដែលបានបន្លិច។ ទាំងនេះជាការព្រមានផ្សេងៗ។ ការព្រមានទាំង 3 កម្រិត ត្រូវបានពន្យល់លម្អិតនៅទំព័រខាងក្រោមនេះ។
ការបង្កើត profile (ព័ត៌មានផ្ទាល់ខ្លួន)
ដើម្បីទទួលអត្ថប្រយោជន៍ឱ្យបានច្រើនពីកម្មវិធី (app) ចូរបង្កើតព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
អ្នកអាចប្រើប្រាស់កម្មវិធី (app) ដោយមិនចាំបាច់មានព័ត៌មានផ្ទាល់ខ្លួន ប៉ុន្តែការបង្កើតព័ត៌មានផ្ទាល់ខ្លួន អនុញ្ញាតឱ្យអ្នករក្សាទុកតំបន់ឃ្លាំមើលរបស់អ្នក ហើយទទួលបានការជូនដំណឹងនានា។
ដើម្បីបង្កើតព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖
- បើក Menu (ម៉ឺនុយ) របស់កម្មវិធី (app) ហើយជ្រើសរើស Create a profile (បង្កើតព័ត៌មានផ្ទាល់ខ្លួន)។
- វាយចូលនូវព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នន និងពាក្យសម្ងាត់។
ការកំណត់មុខងារនានារបស់អ្នកនឹងត្រូវបានរក្សាទុក ហើយបង្ហាញនៅពេលអ្នកចុះឈ្មោះចូលកម្មវិធី VicEmergency app ពីឧបករណ៍ផ្សេងទៀត។
រក្សាទុកតំបន់ឃ្លាំមើលនានានៅក្រោមព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
តំបន់ឃ្លាំមើលគឺជាតំបន់នានាដែលសំខាន់ចំពោះអ្នកដូចជា ផ្ទះរបស់អ្នក សាលារៀនរបស់កូន ឬតំបន់ផ្សេងៗដែលអ្នកទៅលេង។ នៅពេលមានសកម្មភាពអ្វីមួយនៅតំបន់ឃ្លាំមើលរបស់អ្នក អ្នកនឹងទទួលបានការជូនដំណឹងមួយ។
របៀបបង្កើតតំបន់ឃ្លាំមើលមួយ
- បើកទំព័រដើមនៃកម្មវិធី (app) រួចជ្រើសរើស Create watch zone (បង្កើតតំបន់ឃ្លាំមើល)។
- ចុចលើផែនទីលើទីតាំងតំបន់ដែលអ្នកឃ្លាំមើល ឬស្វែងរកអាសយដ្ឋាន ឬតំបន់។
- ដាក់ឈ្មោះតំបន់ឃ្លាំមើលរបស់អ្នក។
- ជ្រើសរើសទំហំតំបន់ដែលអ្នកចង់ឃ្លាំមើល។ នៅតំបន់ជនបទដាច់ស្រយាល ចូរជ្រើសរើសទំហំយ៉ាងតិចបំផុត 10 គីឡូម៉ែត្រ។ នៅតំបន់ទីក្រុង ឬទីប្រជុំជន ទំហំតំបន់តូចៗត្រឹម 500 ម៉ែត្រ ឬ 1 គីឡូម៉ែត្រ គឺជាការប្រសើរ។
- ចូរជ្រើសរើសប្រភេទឧប្បត្តិហេតុនានាដែលអ្នកចង់ទទួលបានព័ត៌មាន។ អ្នកនឹងតែងតែទទួលបានការជូនដំណឹងមួយនៅពេលមានការព្រមានអំពីគ្រោះអាសន្ន ឬការព្រមានអំពីការឃ្លាំមើល និងចាត់វិធានការដែលត្រូវបានចេញនៅតំបន់ឃ្លាំមើលរបស់អ្នក។
តើត្រូវធ្វើអ្វីខ្លះនៅពេលមានការចេញការព្រមាន
នៅពេលឧប្បត្តិហេតុមួយមានភាពធ្ងន់ធ្ងរ ការព្រមានមួយអាចត្រូវបានចេញ អានសារព្រមានដោយប្រុងប្រយ័ត្ន និងចាត់វិធានការតាមការណែនាំ។
ប្រសិនបើការព្រមាននៅក្នុងតំបន់ឃ្លាំមើលរបស់អ្នក អ្នកនឹងទទួលបានការជូនដំណឹងមួយតាមរយៈកម្មវិធី (app) នៅក្នុងទូរសព្ទរបស់អ្នក។
មានការព្រមានចំនួន 3 កម្រិត។ ការព្រមាននានានឹងត្រូវបានចេញ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានា។ ការព្រមានទាំងនេះមិនមែនតែងតែចេញតាមលំដាប់ពីមិនសូវធ្ងន់ធ្ងរ ទៅហេតុការណ៍ដែលមានសភាពធ្ងន់ធ្ងរនោះទេ។ ពេលខ្លះការព្រមានដំបូងដែលអ្នកទទួលបានគឺជាការព្រមានធ្ងន់ធ្ងរបំផុត។
ការព្រមាននានាដែលត្រូវបានចេញក្នុងពេលមានគ្រោះអាសន្ន
ការព្រមាននានានឹងត្រូវបានចេញ នៅពេលដែលគ្រោះអាសន្នទំនងជាប៉ះពាល់ដល់អ្នក។
ការព្រមានទាំងនេះផ្តល់ជូនអ្នកនូវព័ត៌មានសំខាន់ៗ និងប្រាប់អ្នកត្រូវធ្វើអ្វីខ្លះដើម្បីរក្សាសុវត្ថិភាព។
សារព្រមានទាំងនេះធ្វើឡើងជាភាសាអង់គ្លេស។ ការប្រើប្រាស់ពណ៌នៃការព្រមានគឺជាវិធីដ៏ប្រសើរបំផុតដើម្បីដឹងថាឧប្បត្តិហេតុនោះមានភាពធ្ងន់ធ្ងរប៉ុណ្ណាដែរ។
ប្រសិនបើអ្នកចង់ឱ្យគេបកប្រែសារព្រមានទាំងនោះ សូមទូរសព្ទទៅកាន់ TIS តាមលេខ 131 450
ការព្រមានទាំង 3 កម្រិត
មានការព្រមានចំនួន 3 កម្រិត នៅក្នុងប្រព័ន្ធព្រមានរបស់ប្រទេសអូស្ត្រាលី ៖
ពណ៌លឿង - Advice (ការផ្តល់ដំបូន្មាន)
ការព្រមាន Advice ពណ៌លឿងប្រាប់អ្នកថា ឧប្បត្តិហេតុមួយកំពុងកើតឡើងនៅក្នុងតំបន់នោះ។ វាក៏អាចប្រាប់អ្នកដែរថា ការគម្រាមកំហែងធ្ងន់ធ្ងរត្រូវបានបន្ធូរបន្ថយ។
ពណ៌ទឹកក្រូច - Watch and Act (ឃ្លាំមើល ហើយចាត់វិធានការ)
ការព្រមាន Watch and Act ពណ៌ទឹកក្រូចប្រាប់អ្នកថាគ្រោះអាសន្នកំពុងតែវិវឌ្ឍន៍នៅក្បែរនោះ។ អ្នកត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការដើម្បីការពារខ្លួនអ្នក និងអ្នកផ្សេងទៀត។
ពណ៌ក្រហម - Emergency Warning (ការព្រមានអំពីគ្រោះអាសន្ន)
ការព្រមាន Emergency Warning ពណ៌ក្រហមមានន័យថា អ្នកកំពុងស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ភ្លាមៗ។ អ្នកត្រូវតែចាត់វិធានការឥឡូវនេះ។
ការអានការព្រមាន
នៅពេលអ្នកបើកការជូនដំណឹងនៅក្នុងកម្មវិធី (app) អ្នកនឹងឃើញរូបតំណាងព្រមានមួយដែលមានពណ៌សំគាល់ និងតំបន់មួយដែលមានពណ៌ត្រូវគ្នានៅលើផែនទីដែលបង្ហាញទីតាំងដែលការព្រមានអនុវត្ត។
ចុចលើរូបតំណាង ឬទីតាំងដែលមានពណ៌នោះដើម្បីអានការព្រមាន។
សម្រាប់ព័ត៌មានលម្អិតអំពីគ្រោះអាសន្ន ចូរជ្រើសរើស More info (ព័ត៌មានបន្ថែម)។
ត្រូវគោរពតាមការណែនាំនៅក្នុងការព្រមានជានិច្ចដើម្បីរក្សាសុវត្ថិភាព។
លំដាប់នៃការព្រមាននានា
ការព្រមាននានាអាចត្រូវបានចេញទៅតាមលំដាប់ណាមួយក៏បាន។ វាឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន និងអ្វីដែលអ្នកត្រូវដឹងដើម្បីជួយឱ្យអ្នកមានសុវត្ថិភាព។ អ្នកប្រហែលជាមិនទទួលបាន Advice ពណ៌លឿងជាមុននោះទេ។
ការព្រមានដំបូងអាចជា Emergency Warning។
អានការព្រមាននីមួយៗនៅពេលវាមកដល់ ហើយចាត់វិធានការប្រសិនបើវាប្រាប់ឱ្យអ្នកធ្វើ។
ស្វែងយល់ពីការណែនាំនៅក្នុងការព្រមាននានា
ការព្រមាននីមួយៗរួមមានការណែនាំអំពីវិធានការអ្វីខ្លះដែលអ្នកត្រូវធ្វើ។
ការណែនាំទាំងនេះអាចមានភាពខុសគ្នា អាស្រ័យលើប្រភេទគ្រោះអាសន្ន ស្ថានការណ៍បច្ចុប្បន្ន និងការគំរាមកំហែងដល់សហគមន៍។
Stay informed (តាមដានព័ត៌មានជាប់ជានិច្ច)
ការព្រមាន Advice ពណ៌លឿងមានន័យថា ឧប្បត្តិហេតុមួយបានចាប់ផ្តើមកើតឡើង ប៉ុន្តែគ្មានគ្រោះថ្នាក់ភ្លាមៗទេ។ ប្រសិនបើអ្នកទទួលបានការព្រមាននេះ អ្នកត្រូវតែតាមដានព័ត៌មានជាប់ជានិច្ច ក្នុងករណីដែលស្ថានភាពមានការប្រែប្រួល។
ឧទាហរណ៍ អ្នកអាចទទួលបាន Advice ពណ៌លឿង ប្រាប់អ្នកឱ្យ Stay informed (តាមដានព័ត៌មានជាប់ជានិច្ច)។
ប្រសិនបើការព្រមាននេះគឺដោយសារតែមានខ្យល់ព្យុះ រូបតំណាងព្រមានពណ៌លឿងនឹងបង្ហាញពពកព្យុះ។
ការតាមដានព័ត៌មានជាប់ជានិច្ច អាចមានន័យដូចខាងក្រោមនេះ៖
- បញ្ចូលថ្មទូរសព្ទរបស់អ្នក
- ចតរថយន្តរបស់អ្នកក្នុងទីជម្រក និងជៀសវាងកុំចតនៅក្រោមដើមឈើ
- ទុកដាក់គ្រឿងសង្ហារឹមក្រៅផ្ទះឱ្យបានជាប់ល្អ។
- ស្នាក់នៅក្នុងផ្ទះ។
ប្រសិនបើការព្រមាននេះជាទឹកជំនន់ រូបតំណាងព្រមានពណ៌លឿងនឹងបង្ហាញរូបផ្ទះមួយមានទឹកលិច។ ការព្រមានអាចប្រាប់អ្នកឱ្យ Prepare now (ត្រៀមរៀបចំឥឡូវនេះ)។
ការត្រៀមរៀបចំអាចមានដូចជា៖
- ពិនិត្យមើលការណែនាំអំពីទឹកជំនន់ក្នុងតំបន់របស់អ្នក
- និយាយទៅកាន់គ្រួសារ អ្នករស់នៅជាមួយក្នុងផ្ទះ និងអ្នកជិតខាងពីអ្វីដែលអ្នកនឹងធ្វើ
- យករបស់របរសំខាន់ៗដាក់ក្នុងរថយន្តរបស់អ្នក។
គ្រោះបន្ទាន់មួយកំពុងតែវិវឌ្ឍន៍នៅក្បែរនេះ
Watch and Act ពណ៌ទឹកក្រូចមានន័យថា គ្រោះអាសន្នកំពុងតែវិវឌ្ឍន៍នៅក្បែរនេះ។ ប្រសិនបើអ្នកទទួលបានការព្រមាននេះ អ្នកត្រូវតែចាប់ផ្តើមចាត់វិធានការដើម្បីការពារខ្លួនអ្នក និងអ្នកដទៃ។
ឧទាហរណ៍ អ្នកអាចទទួលបានការព្រមានមួយដែលប្រាប់អ្នកឱ្យ ‘Monitor conditions as they are changing’ (តាមដានស្ថានការណ៍នានាដែលកំពុងតែមានការប្រែប្រួល)។
ប្រសិនបើការព្រមាននេះជាភ្លើងឆេះព្រៃ ការព្រមានពណ៌ទឹកក្រូចនឹងបង្ហាញរូបតំណាងអណ្តាតភ្លើងមួយ។
ការតាមដានស្ថានការណ៍នានាអាចរួមបញ្ចូលចំណុចទាំងឡាយដូចខាងក្រោម ៖
- ពិនិត្យមើលកម្មវិធី VicEmergency app ឱ្យបានទៀងទាត់
- បើកវិទ្យុរបស់អ្នកដើម្បីស្តាប់កម្មវិធីផ្សាយអំពីគ្រោះអាសន្ន
- ពិនិត្យជាមួយអ្នកជិតខាងរបស់អ្នកដើម្បីប្រាកដថាគេដឹងថាមានអ្វីកំពុងកើតឡើង
- មើលទៅខាងក្រៅដើម្បីឃ្លាំមើលសញ្ញានៃផ្សែង កម្ទេចផេះ ឬអណ្តាតភ្លើង។ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ អ្នកគួរតែប្រើប្រាស់ផែនការអគ្គិភ័យរបស់អ្នក ហើយចាកចេញ។
ធ្វើតាមតាមការណែនាំអំពីការព្រមានភ្លាមៗ
Emergency Warning ក្រហមមានន័យថា អ្នកកំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ហើយគ្រោះអាសន្ននេះនឹងប៉ះពាល់ដល់អ្នក។ ប្រសិនបើអ្នកទទួលបានការព្រមាននេះ ចូរធ្វើតាមការណែនាំភ្លាមៗ ពីព្រោះបើមានការពន្យារពេលណាមួយនឹងធ្វើឱ្យជីវិតអ្នកជួបហានិភ័យ។
ឧទាហរណ៍ ប្រសិនបើអ្នកទទួលបាន Emergency Warning ពណ៌ក្រហម ដោយសារតែអគ្គិភ័យ ដោយមានការណែនាំឱ្យ Take shelter now (ស្វែងរកទីជម្រកពេលនេះ) វាមានន័យថាការចាកចេញមានគ្រោះថ្នាក់ណាស់។
ការស្វែងរកទីជម្រកអាចរួមបញ្ចូលចំណុចមួយចំនួនដូចជា៖
- ចូលទៅក្នុងផ្ទះ បិទទ្វារ បង្អួច និងកន្លែងខ្យល់ចេញចូលទាំងអស់
- ពាក់សំលៀកបំពាក់ការពារដូចជា សំលៀកបំពាក់ធ្វើពីអំបោះ ឬរោមចៀមក្រាស និងស្បែកជើងពាក់ពេលបំពេញការងារ។
- ចូលទៅក្នុងបន្ទប់ដែលមានកន្លែងចាកចេញមើលឃើញច្បាស់ និងអាចមើលឃើញស្ថានភាពខាងក្រៅ។
ដើម្បីជៀសវាងស្ថានភាពបែបនេះ ត្រូវរៀបផែនការចាកចេញឱ្យបានឆាប់។ រថយន្តពន្លត់អគ្គិភ័យអាចនឹងមិនទៅដល់កន្លែងអ្នកគ្រប់ពេលនោះទេ។
CFA មានព័ត៌មានបន្ថែមអំពីអ្វីត្រូវធ្វើ ប្រសិនបើស្ថានភាពនេះកើតឡើងចំពោះអ្នក។
ការយល់ដឹងអំពីការព្រមាននានា និងរបៀបឆ្លើយតបមានសារៈសំខាន់ណាស់។ ពលរដ្ឋត្រូវបានដាក់ក្នុងសភាពគ្រោះថ្នាក់ ហើយអាចបាត់បង់ជីវិត ពីព្រោះគេមិនដឹងថាត្រូវធ្វើអ្វីខ្លះឱ្យបានមុនពេល។
ព័ត៌មានសហគមន៍
សារព័ត៌មានសហគមន៍ក៏បង្ហាញនៅក្នុងផែនទីព្រមានផងដែរ។ សារទាំងនេះបង្ហាញជាពណ៌ខៀវ និងបង្ហាញឡើងនៅពេលគ្មាន ឬមានការគំរាមកំហែងតិចតួច។ សារទាំងនេះផ្តល់នូវព័ត៌មានជាក់លាក់ និងព័ត៌មានថ្មីៗអំពីឧប្បត្តិហេតុនានា។
តើអ្នកត្រៀមខ្លួនសម្រាប់គ្រោះបន្ទាន់ហើយឬនៅ?
ការស្វែងយល់ពីការព្រមាននានាគឺគ្រាន់តែជាផ្នែកមួយនៃការត្រៀមខ្លួនជាស្រេចសម្រាប់គ្រោះអាសន្ន។
កម្មវិធី VicEmergency app និងគេហទំព័រ ផ្តល់ជូនអ្នកនូវព័ត៌មានសំខាន់ៗមុនពេល ក្នុងអំឡុងពេល និងក្រោយព្រឹត្តិការណ៍នានា។
ការត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រោះអាសន្ន គឺជាទំនួលខុសត្រូវរបស់ពលរដ្ឋគ្រប់រូប៖
- រៀបចំផែនការមួយជាមួយគ្រួសាររបស់អ្នក
- ទាញយកកម្មវិធី VicEmergency app និងដឹងពីរបៀបប្រើប្រាស់វា
- ដឹងពីហានិភ័យនានាក្នុងតំបន់របស់អ្នក
Updated